ខេត្តបាត់ដំបង គឺជាខេត្តមួយនៅភាគពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជា។ ខេត្តបាត់ដំបង មានទីប្រជុំជនធំនៅក្រុងបាត់ដំបង។ ខេត្តបាត់ដំបងមានព្រំប្រទល់ ខាងជើងជាប់ខេត្តបន្ទាយមានជ័យ ខាងកើតជាប់ខេត្តសៀមរាប និងបឹងទន្លេសាប ខាងត្បូងជាប់ខេត្តពោធិ៍សាត់ ខាងលិចជាប់ខេត្តប៉ៃលិន និងខេត្តច័ន្ទបុរី(ប្រទេសថៃ)។
អំពីឈ្មោះបាត់ដំបង
អ្នកតាដំបងក្រញូង គឺជានិមិត្តរូបនៃខេត្តបាត់ដំបងលោកតាដំបងគ្រញូងជាកូនរាស្ត្រសាមញ្ញកើតចេញពីស្រទាប់កសិករបានឡើងសោយរាជ្យសម្បត្តិជាស្តេចខ្មែរទី១៧ បន្ទាប់ពីព្រះបាទចក្រព័ត្រសោយទីវង្គតហើយបានដាក់ឈ្មោះ ថាព្រះបាទគោត្តមអមរទេវរាជ នៅថ្ងៃទី១០កើត ខែពិសាខ ឆ្នាំឆ្លូវ គ.ស១០០១-១០០៨។ បើតាមឯកសារពង្សាវតារវត្តទឹកវិលក្នុងស្រុកស្អាង ខេត្តកណ្តាលបានកត់ត្រាទុកថា នាយញូង មានដើមកំណើតនៅស្រុកសួនមង្ឃុតមានឪពុកឈ្មោះ សួន ម្តាយ ឈ្មោះ សែន មុននាយញូង មកចាប់កំណើតឪពុកបានយល់សប្តិឃើញព្រះកាល(ជាព្រះអាទិទេពផ្នែកកាលវេលាឬក៍ជាមច្ចុរាជ) បានយកដាវមកប្រគល់ឲ្យពេលនោះលោកគ្រូចៅអធិការវត្តភ្នំបានទស្សន៍ទាយថា ប្រពន្ធគាត់នឹងបានកូនប្រុស។ កូនប្រុសហ្នឹងបានឡើងសោយរាជ្យតែមិនបានអាយុវែងទេ។ ពេលមានផ្ទៃពោះនាងសែនត្រូវជាម្តាយតែងតែចង់បរិភោគប្រមាត់ដី(ជារុក្ខជាតិម្យ៉ាងតូចទាបដូចស្មៅពណ៌បៃតង គ្មានផ្កាទេហើយដែលតែងតែយកមកដាំជាប់គ្នារដឹកលម្អតាមសួនច្បារមានរស់ជាតិល្វីងដូចរស់ជាតិទឹកប្រមាត់ធ្វើជាបន្លែស្លស្រឡក់ហើយក៍ជាឱសថកែរោគគ្រុនស្រៀវស្រាញ)។ នាយសួន ជាប្តីតែងតែទៅកាត់យកមកចម្អិនធ្វើជាអាហារឲ្យប្រពន្ធបរិភោគតាមចំណង៉ចិត្ត។ នៅថ្ងទី៦កើតខែពិសាខឆ្នាំថោះ ព.ស១១៥៤។ នាងសែន សម្រាលបានកូនប្រុសមួយដាក់ ឈ្មោះញូង ព្រោះកូននោះមានសម្បុរខ្មៅស្រអែមស្វាយ។ នាយញូង ពេលធំឡើងបានទៅរៀនសូត្រនៅវត្តភ្នំជាមួយព្រះចៅអធិការ។ ថ្ងៃមួយព្រះមហាក្សត្រតម្រូវឱ្យកេណ្ឌប្រជារាស្ត្រទៅកាប់ឈើ ជញ្ជូនថ្មយកមកសាងសង់ព្រះមរមរាជវាំងនិងបាចទឹកសម្អាតស្រះ អូរ ប្រឡាយតូចធំក្នុងព្រះនគរ។ នាយញូង ត្រូវបានចៅហ្វាយខេត្តចាត់ឱ្យធ្វើជាមេធំហើយបញ្ជូនទៅបំពេញការងារឯមហានគរ។ នាយត្រូវគេបង្គាប់ទៅកាប៎ឈើ និងជញ្ជូនថ្មនៅជើងភ្នំដងរែក និងក្រុមកំណែនខ្លះទៀតក៍ត្រូវគេបញ្ជូនទៅធ្វើការនៅភ្នំគូលែន។ ថ្ងៃមួយនាយញូងដល់វេននៅចាំជំរុំ ហើយមានភារកិច្ចដាំស្លចម្អិនអាហារសម្រាប់ក្រុមកំណែនឯទៀត ដែលចេញទៅបំពេញការងារ។ ដាំបាយឆ្អិនកាលណានាយញូងរកអ្វីមកជ្រួយបាយមិនបាន នាយក៏យកមែកដើមរកាខ្មៅមកជ្រួយបាយ។ ភ្លាមនោះបាយសស្គុសក៏ប្រែពណ៌ទៅជាខ្មៅ។ ដោយក្តីហេវហត់និងឃ្លានផងនាយញូក៏កាយញាត់ៗបាយពណ៌ខ្មៅទាល់តែអស់រលីង។ បន្ទាប់មកនាយញូងក៍ចាប់ផ្តើមដាំបាយជាថ្មី ទុកឲ្យក្រុមកំណែន។ តែម្តងនេះពេលនាយរកមែកឈើដើមរកាខ្មៅនោះ មកជ្រួយបាយស្រាប់តែមែកនោះបាត់ស្រមោលរកមិនឃើញមែកដើមរកាខ្មៅដែលបាត់ទៅនោះ គេមិនដឹងឡើយថាជាអន្តរាគមន៍ទេវតាឬខ្មោច អារក្សយកមកដាក់ហើយលាក់បំបាំងយកទៅវិញ។ ហើយកន្លែងដែលបាត់ដើមរកាខ្មៅគេឱ្យឈ្មោះថា បាត់ដំបងរហូតមកដល់សព្វថ្ងៃ។ ពេលនោះនាយញូងស្រាប់តែមានកម្លាំងខ្លាំងដូចដំរីសារទាំង៧ ស្រាប់តែមានដំបងគ្រញូងមួយបានលេចចេញមកយ៉ាងអស្ចារ្យ។ នាយញូង បានយកដំបងនោះមកធ្វើជាអាវុធសម្រាប់ប្រើ។ នាយញូងចាប់យកដំបងមកគ្រវីវិលញាប់ស្មេរ ដូចកងចក្រហើយនាយក៏អាចហក់លោតបានដល់ទៅកម្ពស់១៥ហត្ថផង។ មនុស្សម្នាទាំងឡាយដែលបានឃើញឬទ្ធិចេស្តានាយញូងខ្លាំងអស្ចារ្យដូច្នេះបាននាំគ្នាដាក់ឈ្មោះឱ្យថា “ដំបងគ្រញូង” ជារៀងរហូតមក។ ដឹងច្បាស់ថា ខ្លួនមានកម្លាំងខ្លាំងក្លាពូកែលើសអស់មនុស្សធម្មតាហើយមានឬទ្ឌានុភាព នាយញូងចាប់ផ្តើមបែកគំនិតចង់សោយរាជ្យធ្វើជាស្តេចដូច ដែលក្រុមជនកំណែនបានស្នើសុំ។ នាយញូង បានស្រែកប្រកាសប្រាប់ពួកកំណែនទាំងអស់ ឲ្យឈប់កាប់ដើមឈើសម្រាប់យកទៅសង៉ព្រះរាជវាំងស្តេចហើយឲ្យកាប់ដើមឈើធ្វើជាអាវុធវិញមានដូចជាដំបង ព្រនង់ ផលិតជាកាំបិតដាវ លំពែង ពូថៅ ព្រួញ ធ្នូ ស្នា ហើយនាំគ្នាហ្វឹកហាត់ជាកងទ័ពដើម្បីចេញដំណើរទៅព័ទ្ធរាជវាំងវាយប្រហារស្តេចចក្រព័ត្រដណ្តើមរាជ្យ។ ប្រជាជនទាំងអស់បានស្មោះស្ម័គ្រនាំគ្នាដើរតាមដំបងគ្រញូង។ ដូច្នេះគេអាចរួចពីកំណែនលែងហត់នឿយកាប់ឈើ ជញ្ជូនថ្មបម្រើស្តេចទៀត។ ដំបងគ្រញូងលើកទ័ព១០ម៉ឺននាក់ច្បាំងឡោមព័ទ្ធព្រះមហានគរ។ ចំណែកព្រះមហាក្សត្រចក្រព័ត្រកំពុងមានជំងឺជាទម្ងន់ បានបែងចែកទ័ពជាពីរផ្នែកឱ្យចេញទៅទប់ទល់ជាមួយដំបងគ្រញូង។ ទ័ពផ្នែកទី១ ត្រូវចេញទៅក្រៅក្រុងវាយប្រយុទ្អប្រឈមមុខផ្ទាល់ជាមួយសត្រូវ។ ឯទ័ពផ្នែកទី២វិញ ត្រូវនៅប្រចាំការការពាររាជធានី។ ការប្រយុទ្ធគ្នារវាងកងទ័ពទាំងសងខាងធ្វើឲ្យពលទាហានស្លាប់និងរបួសយ៉ាងច្រើនមីរដេរដាស។ ទ័ពដំបងគ្រញូងទទួលបានជ័យជម្នះដោយកម្ទេចទ័ពផ្នែកទី១របស់ស្តេចហើយសម្រុកចូលព័ទ្ធមហានគរជុំជិត។ ព្រះមហាក្សត្រនៅសល់តែកងទ័ពការពារទីក្រុងតែប៉ុណ្ណោះ។ ក្នុងឱកាសនោះដំបងគ្រញូងបានចាត់ពលសេនាត្រៀមចន្លុះនិងជ័រឈើ។ ពេលយប់កណ្តាលអាធ្រាត្រដំបងគ្រញូងបានបញ្ជាឱ្យកងទ័ពវាយសន្ធាប៉ ដាក់ជណ្តើរផ្លោះឡើងកំពែងមហានគរយ៉ាងរហ័សរហួនហើយចាក់ស្រោចគប់ដុតជ័រឈើបោះចូលទៅលើផ្ទះសម្បែងក្នុងបរិវេណក្រុង។ មិនយូរប៉ុន្មានកងទ័ពព្រៃរបស់ដំបងគ្រញូងវាយកម្ទេចទ្វារមហានគរទទួលបានជោគជ័យហើយក៍សម្រុកវាយលុកកាប់សម្លាប់យ៉ាងសាហាវព្រៃផ្សៃទៅលើកងទ័ពព្រះរាជានិងប្រជាជនស្លូតត្រង់ទាំងក្មេងចាស់ប្រុសស្រី។គ្រានោះព្រះមហាក្សត្រចក្រព័ត្រមានជំងឺផងបានដកព្រះខ័នបម្រុងក្រោកឈរឡើងតស៊ូ ក៏ធ្លាក់ពីលើក្រឡាបន្ទំសុគគក្នុងគ្រានោះទៅក្នុងព្រះជន្ម៤៩វស្សា ព្រះអង្គចក្រព័ត្រសោយរាជ្យបាន២៩ឆ្នាំ។ ចំណែកដំបងគ្រញូងបានឡើងគ្រងរាជ្យជាស្តេចខ្មែរទី១៧ ដោយដាក់ព្រះនាមថាព្រះបាទគោត្តមអមរទេវរាជ។
![]() ![]() |
![]() ![]() |
![]() ![]() |
![]() ![]() |
![]() ![]() |
![]() ![]() |
ព័ត៌មានលំអិតសូមចុចមើលសៀវភៅព័ត៌មានខាងក្រោម
![]() |